កម្ពុជា នឹងបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក បើកត្បាញសរសៃដំបូង នៅថ្ងៃទី១៤កុម្ភៈ សូមចូលរួមបំបែកកំណត់ត្រាមួយនេះទាំងអស់គ្នា!

(ភ្នំពេញ)៖ យុទ្ធនាការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក ដែលមានប្រវែងរហូតដល់ទៅ១,០០០ម៉ែត្រ មានពណ៌ដ៏ស្រស់ស្អាត ក្រហម លាយសរ នឹងបើកត្បាញសរសៃដំបូង នៅថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ ដែលប្រព្រឹត្តទៅ នៅទីតាំង វាលព្រះមេរុ រាជធានីភ្នំពេញ។

លោកបណ្ឌិត សាន វឌ្ឍនា ប្រធានក្រុមចលនា GoGoCambodia ដែលបានបង្កើតយុទ្ធនាការនេះឡើង នឹងបើកសម្ពោធកាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ បានថ្លែងឲ្យដឹងថា
យុទ្ធនាការក្រមា «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» នេះ គឺកូនខ្មែរយើងទាំងអស់គ្នាតែម្ដង ជាអ្នកបំបែកកំណត់ត្រាថ្មីមួយនេះដោយផ្ទាល់ដៃ ទាំងលោកតា លោកយាយ អ៊ុពូមីង បងប្អូនប្រជាពលរដ្ឋយើង ពិសេសគឺបងប្អូនជនពិការក៏អាចចូលរួមត្បាញផងដែរ ព្រោះយើងបានរៀបចំកន្លែងជម្រាលផ្លូវ សម្រាប់ពួកគាត់ផងដែរ ទោះអ្នកមិនចេះត្បាញ ក៏អាចត្បាញបានដែរ ព្រោះមុននឹងត្បាញ យើងមានក្រុមបច្ចេកទេសចាំបង្ហាញជូនពួកគាត់ជាស្រេច ជឿថាខ្មែរធ្វើបាន»។

ព្រឹត្ដិការណ៍នេះ នឹងបង្កបរិយាកាស ចូលរួមចំណែកពីប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយ មរតកវប្បធម៌ប្រពៃណីខ្មែរ ពិសេសជំរុញ នូវសាមគ្គីភាព ឯកភាពជាតិ ក្រោមដំបូលនៃការរួបរួមគ្នា បង្កើតស្នាដៃដ៏ដំ និងជាមោទនភាពថ្មីសម្រាប់ប្រទេសជាតិ នឹងបង្ហាញកិត្យានុភាពជាតិ នៅលើឆាកអន្ដរជាតិផងដែរ ។

ទន្ទឹមនឹងនោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងថា «យើងខ្ញុំទាំងអស់ ត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចូលរួមចំណែក បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោកនេះ ខ្ញុំមានអារម្មណ៍ពុះកញ្ជ្រោល ទោះខ្ញុំមិនចេះត្បាញក្ដី តែក្នុងថ្ងៃហ្នឹង ខ្ញុំនឹងរៀនត្បាញឲ្យបាន ព្រោះនេះជាឱកាសដែលកូនខ្មែរបំបែកកំណត់ត្រាថ្មី ជឿថាខ្មែរធ្វើបាន»

សូមបងប្អូនសាធារណៈជន ចូលរួមគាំទ្រយុទ្ធនាការក្រមា បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក ឲ្យកាន់តែទូលំទូលាយ ដើម្បីផ្សព្វផ្សាយ ពីវប្បធម៌ និងអត្ដសញ្ញាណជាតិ ពិសេស ជំរុញឲ្យមានចូលរួម ពីមហាជនគ្រួសារខ្មែរ ដើម្បីបំបែកនូវឯតទគ្គកម្មថ្មីមួយទៀត សម្រាប់កម្ពុជាទាំងអស់គ្នា។

ព័ត៌មានលម្អិត សូមចូលទៅកាន់ Facebook៖ http://www.facebook.com/gogocambodiaofficial/ ,Website៖ http://www.gogocambodia.asia ។

GoGoCambodia គឺជាយុទ្ធនាការថ្នាក់ជាតិមួយ ដែលធ្វើឡើងក្នុងគោលបំណងលើកតម្កើង មោទនភាពជាតិខ្មែរនៅគ្រប់វិស័យ។ យុទ្ធនាការនេះកើតចេញពីឆន្ទៈកូនខ្មែរ ក្នុងគោលបំណងបង្កើតជាវេទិកាមួយដើម្បីឲ្យពួកគេគ្រប់រូបអាចបង្ហាញនូវមោទនភាពរបស់ខ្លួន ក្នុងនាមជាកូនខ្មែរក៏ដូចជាមោទនភាពជាតិទៅដល់សហគមន៍អន្តរជាតិ៕