About Krama

ក្រមា គឺជាសំពត់ដែលមានភាពសាមញ្ញតែបង្កប់ន័យយ៉ាងជ្រាលជ្រៅអំពីតម្លៃខ្លឹមសារនៃអត្តសញ្ញាណជាតិ  និងបង្ហាញពីទិដ្ឋភាពវប្បធម៌ខ្មែរ   ជាមួយគ្នានេះផងដែរក្រមាត្រូវបាន ប្រជាពលរដ្ឋទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជានិយមប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ក្រមាត្រូវបានប្រើប្រាស់និងមានប្រវត្តិយូរលង់ណាស់មកហើយតាំង  ពី២២០០ឆ្នាំមុនមកម្ល៉េះ បើយោងតាមភស្តុតាងនៃប្រវត្តិសាស្ត្រអាចសន្និដ្ឋានបានថាក្រមាប្រហែលកើតឡើងដំណាលគ្នានឹងពេលដែលមនុស្សរស់នៅលើទីកដីខ្មែរ ចេះត្បាញរវៃព្រោះគេបានរកឃើញថាភស្តុតាងសម្ភារតម្បាញដូចជាក្បាលត្រល់ និងខ្នារអំបោះនៅ ស្ថានីយបុរាណវិទ្យាម្លូព្រៃ ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ។

លើសពីនេះទៀតសិលាចារឹកមួយចំនួនបានចារនូវពាក្យដែលមានទាក់ទងនឹងការត្បាញរវៃក្នុងសម័យបុរេប្រវត្តិ រវាងសតវត្សទី៩ ដល់ទី១១ ដូចជាពាក្យ “កប្បាស” “តៃ ថ្ករ” និង “កុ ត្បាញ” ជាដើម។ ពាក្យទាំងនេះ ត្រូវបាន អ្នកស្រាវជ្រាវសន្និដ្ឋានថាជាពាក្យ”កប្បាស” សំដៅលើរុក្ខជាតិម្យ៉ាងដែលជាវត្ថុ ធាតុដើមសម្រាប់ប្រើក្នុងការត្បាញរវៃសម្រាប់ច្នៃធ្វើជាអំបោះដោយយោងតាមសិលាចារឹកវត្តសសរ១០០ (K.124) និងសិលាចារឹកទ្វារក្តី ឬទ្វារប្រាំបី (K.165)។ ចំណែកពាក្យ “តៃ ថ្ករ” និង “កុ ត្បាញ” គឺសំ ដៅដល់ស្រីបម្រើតាមប្រាសាទ ដែលទទួលភារៈជាអ្នកថ្ករអំបោះ និងត្បាញ តាមសិលាចារឹកប្រាសាទ ស្នឹងខាងកើត (K.879) សិលាចារឹកគោករកា (K.155) និងសិលាចារឹកព្រៃមៀន (K.18)។

ជាមួយគ្នានេះដែរនៅចុងសតវត្សទី១៣តាមរយៈកំណត់ហេតុរបស់លោកជីវតាក្វាន់បានរៀបរាប់ពីការស្លៀកពាក់របស់ប្រជាជននាសម័យចេនឡាដែលមានបែបបទទៅតាមឋានៈនិងប្រភេទក្រណាត់ជាច្រើនប្រភេទថែមទៀតផង។

Mission

  1. ប្រជាពលរដ្ឋនឹងបានចូលរួមកម្មវិធី និងជឿថាខ្លួនអាចចូលរួមត្បាញ ចូលរួមដឹកនាំ រៀបចំ ទទួលខុសត្រូវ និងធ្វើជាម្ចាស់នៃកម្មវិធីទាំងអស់គ្នា។

  2. យុវជននឹងទទួលបានការជំរុញស្មារតីឱ្យក្លាយជាអ្នកនាំសារសន្តិភាព និងវប្បធម៌។

  3. យុវជននឹងបានចូលរួមលើតម្កើងមោទនភាពជាតិ “ជឿថាខ្មែរធ្វើបាន” ក្នុងនាមជាទូតសុឆន្ទៈ ដើម្បីបង្ហាញកិត្យានុភាពជាតិ និងការរួបរួមគ្នាជាមួយប្រជាពលរដ្ឋខ្មែរ ឱ្យពិភពលោកបានដឹង។

  4. ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងទាំងក្រៅប្រទេសនឹងយកចិត្តទុកដាក់ តាមដាន និងចូលរួមជាសាក្សីក្នុងដំណើរការនៃកម្មវិធីរហូតទទួលបានជោគជ័យ។

Vision

  1. លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ តាមរយៈការបង្កើតស្នាដៃមួយដែលមានការទទួលស្គាល់ជាអន្តរជាតិ

  2. បង្កបរិយាកាសចូលរួមចំណែកពីប្រជាពលរដ្ឋទាំងអស់ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយមរតកវប្បធម៌ប្រពៃណីខ្មែរ

  3. ជំរុញសាមគ្គីភាព និងឯកភាពជាតិ ក្រោមដំបូលនៃការរួបរួមគ្នាបង្កើតស្នាដៃដ៏ធំមួយ

History of GoGoCambodia

យុទ្ធនាការ GoGoCambodia ត្រូវបានប្រកាសឡើង ជាសាធារណៈ ហើយចាប់ផ្ដើមសកម្មភាពនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៦។ ចូលរួមនៅក្នុងឪកាសនៃការផ្សព្វផ្សាយយុទ្ធការ GoGoCambodia រួមមានក្រុមយុវជន សហគ្រិន បុគ្គលសំខាន់ៗក្នុងសង្គម កីឡាករ សិល្បករ និងយុវជនជាច្រើន។ GoGoCambodia ត្រូវបានរៀបចំឡើងក្នុងរូបភាពជាយុទ្ធនាការថ្នាក់ជាតិ ដែលផ្ដួចផ្ដើមគំនិតដោយយុវជនមួយក្រុមក្នុងកោលដៅលើកកម្ពស់មោទនភាពជាតិកម្ពុជានៅក្នុងគ្រប់វិស័យ រាប់តាំងពីវិស័យអប់រំ ការពារជាតិ សង្គមកិច្ច ហើយប្រែក្លាយឆន្ទៈទាំងនេះអោយមានក្លាយជាវេទិកាមួយ ដែលយុវជនកម្ពុជាគ្រប់រូបអាចបង្ហាញមោទនភាពជាលក្ខណៈបុគ្គលផ្ទាល់ខ្លួន និងប្រមូលផ្ដុំអោយក្លាយទៅជាមោទនភាពរួមនៃជាតិកម្ពុជា នៅលើឆាកសហគមន៍អន្តរជាតិ។ GoGoCambodia កំណត់យកគំហើញមួយថា ប្រសិនបើនរណាម្នាក់អាចធ្វើអ្វីបានដោយជោគជ័យ ហើយដែលមានប្រយោជន៍សម្រាប់ការអភិវឌ្ឍ និងការលើកតម្កើងមោទនភាពជាតិ គឺបានន័យថាអ្នកដ៏ទៃទៀតក៏អាចធ្វើបាន។ យុទ្ធនាការនេះ ជំរុញអោយយុវជនកម្ពុជាជំនាន់ក្រោយ រក្សានិងបណ្ដុះជំនឿថាព្រះរាជាណាចក្រកម្ពុជាគឺជាជំរើសដ៏ល្អបំផុត សម្រាប់អនាគតរបស់ពួកគេ។