គ្រាន់តែបើកទំព័រសករាជថ្មីនៅឆ្នាំ២០១៨នេះ កម្ពុជានឹងបំបែកឯកត្តកម្មថ្មីមួយទៀត គឺការត្បាញប្រមាដែលវែងជាងគេបំផុតនៅលើពិភពលោក និងមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ក្រមាដែលវែងនេះមានប្រវែង មួយពាន់ម៉ែត្រ (1,000 meter) ជាមួយនឹងទទឹងមួយម៉ែត្រ នឹងបង្ហាញខ្លួនក្នុងពេលខាងមុខនេះ។ ថ្លែងក្នុងសន្និសិទសារព័ត៍មានកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នេះ GoGoCambodia ដែលជាអ្នករៀបចំកម្មវិធីនេះឡើងបានបង្ហាញថា ដើម្បីបំបែកកំណត់ត្រានេះបាន GoGo នឹងបើកជូនសាធារណៈជន ប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់និន្នាការ ឲ្យចូលរួមត្បាញក្រមានេះទាំងអស់គ្នានិងមានការជួយសម្រួលពីក្រុមការងារ ហើយសរសៃអំបោះដំបូង នឹងចាប់ផ្តើមបង្ហាញខ្លួនឡើងនៅវាលព្រះមេរុ ទល់មុខសារមន្ទីជាតិកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈនេះតទៅ
ជឿថាខ្មែរធ្វើបាន ហើយយុទ្ធនាការបំបែកឯកត្តកម្ម ក្រមាដែលវែងជាងគេបំផុតលើពិភពលោកនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិកម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈការបង្កើតស្នាដៃមួយដែលមានការទទួលស្គាល់ជាអន្តរជាតិ ក៏ដូចជាបង្កបរិយាកាសចូលរួមចំណែកពីប្រជាពលរដ្ឋទាំងអស់គ្នាក្នុងការចូលរួមថែរក្សា និងលើកស្ទួយមរតកក្រមាខ្មែរ និងជម្រុញសាមគ្គីភាពនិងឯកភាពជាតិក្រោមដំបូលនៃការរួបរួមបង្កើតស្នាដៃដ៏ធំមួយសម្រាប់ប្រទេសជាតិ។
នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់កម្ពុជា បន្ទាប់ពីការបំបែកកំណត់ត្រាពិភពលោក ដោយការរាំចង្វាក់ម៉ាឌីហ្សុន ដែលមានមនុស្សចូលរួមរាំប្រមាណ ១១៥០នាក់ កាលពីឆ្នាំ ២០១៥កន្លងមក។ ដូច្នេះសូមចូលរួមបំបែកកំណត់ត្រាពិភពលោកនិងត្បាញក្រមាទាំងអស់គ្នា ដើម្បីលើកស្ទួយមុខមាត់កម្ពុជាក្នុងឆាកអន្តរជាតិ និងបង្ហាញពីសាមគ្គីភាពជាមហាគ្រួសារខ្មែរ នៅវាលព្រះមេរុ ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈនេះតទៅ៕