ម្ហូបអាហារ

ពិព័រណ៍ម្ហូបអាហារ ក៏មានវត្តមាននៅក្នុងកម្មវិធីកម្រាវែងជាងគេលើពិភពលោកនេះផងដែរ។ ម្ហូបអាហារនៅកម្ពុជាពិតជាមានលក្ខណៈពិសេស និងសម្បូរបែបដែលតែងឆក់យកបេះដូងអ្នកទេសចរណ៍អន្តរជាតិមួយចំនួនធំឱ្យចង់មកពិសារម្តងហើយម្តងទៀតដោយឥតជិនណាយ។

ម្ហូបអាហារ នឹងត្រូវបានរៀបចំឡើងទៅតាមរចនាបទ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ដែលក្នុងនោះទស្សនិកជនមិនត្រឹមតែទទួលបានរសជាតិដ៏ឆ្ងាញ់ពិសារពីស្នាដៃនៃប្រជាពលរដ្ឋខ្មែរមកពីតំបន់ផ្សេងៗគ្នាក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ តែក៏បានគយគន់ និងយល់ដឹងបន្ថែមពីប្រពៃណីក៏ដូចជាវប្បធម៌នៃការញ៉ាំផ្សេងៗរបស់ជនជាតិយើងផងដែរ។

ការពិព័រណ៍ម្ហូបអាហារ ក៏បានចូលរួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចប្រចាំគ្រួសាររបស់ប្រជាជនខ្មែរ ក៏ដូចជាផ្តល់ឱកាសឱ្យពួកគាត់បានសិក្សាស្វែងយល់បន្ថែមពីរបៀបចំអិនម្ហូបបែបខ្មែរដែលប្រកបដោយស្តង់ដារ និងមានអនាម័យខ្ពស់។

ក្នុងនេះដែរ ពួកគាត់ក៏អាចបញ្ចេញថ្វីដៃចំអិនម្ហូបរៀងខ្លួនៗជូនដល់អ្នកចូលរួមទស្សនា ក៏ដូចជាសិក្សា ចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក និងឆ្លៀតឱកាសនេះបង្កើននូវចំណងមិត្តភាពរវាងប្រជាជនកម្ពុជាឱ្យកាន់តែមានភាពស្និតស្នាល និងប្រសើរឡើងជាដរាប។