នំអន្សមយក្សត្រៀមបំបែកឯកគ្គទកម្មពិភពលោក

  • 01/01/2018
  • ប្រភព : ពត៏មានបែបពិចារណារ

សៀមរាប៖ នៅ​ឆ្នាំនេះ នំអន្សម​យក្ស ត្រូវបាន​រៀបចំ និង​សម្រិតសម្រាំង​ខ្ពស់។ ស្តង់ដា​នៃ​ការរៀបចំ​ចំអិន​ខ្ពស់ជាង​ឆ្នាំទៅ ធ្វើ​ឲ្យ​អ្នករៀបចំ​រំពឹងថា នំអន្សម​ឆ្នាំនេះ អាច​ធានា​គុណភាព​របស់ខ្លួន​បានយូរ។ លើសពីនេះ​ទៀត នៅ​ឆ្នាំនេះ​នំអន្សម​យក្ស ដែលមាន​ទម្ងន់​ជាង៣តោន ក៏​ត្រៀមខ្លួន ក្នុងការ​បំបែក​ឯក​គ្គទ​កម្ម​ពិភពលោក​ផង ដោយ​ក្នុងនោះ ក្រុមការងារ​នៃ​កំណត់ត្រា​ពិភពលោក ឫ World Guinness Record នឹង​ចុះមក​ពិនិត្យ​ស្តង់ដា ដើម្បី​ផ្តល់​កំណត់ត្រា​ពិភពលោក ដល់​នំអន្សម​យក្ស​របស់​ខ្មែរ។

ពិធី​ក្រុង​ពាលី​បែប​សាសនា​របស់​នំអន្សម​យក្ស បានចាប់ផ្តើម​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ ក្រុមការងារ​នៃ​សមាគម​ចុងភៅ​កម្ពុជា ដែលមាន​សមាជិក​ចំនួន១០០នាក់ បាន​រួសរាន់ ញាប់ដៃ​ញាប់ជើង ដើម្បី​ចំអិន​នំអន្សម​យក្ស ដែលមាន​ទម្ងន់ ៣,២០០តោន ហើយក៏​ជា​នំអន្សម​ដំបូង ដែល​នឹង​ចូលទៅក្នុង​កំណត់ត្រា​ពិភពលោក​ផងដែរ។

អនុប្រធាន​នៃ​សមាគម​ចុងភៅ​កម្ពុជា បាន​ឲ្យ​ដឹងថា ការ​វេច​នំអន្សម​យក្ស​អាច​នឹង​ចាប់ផ្តើម​នៅ​ម៉ោង​ប្រមាណ៤រសៀល​ថ្ងៃនេះ បន្ទាប់ពី​ការរៀបចំ​ទៅតាម​ផ្នែកមួយៗរួចរាល់​ហើយ​នោះ។ ផ្នែក​ជំនាញមួយៗ ដែល​លោក ឡុង បូរ៉ា ចង់​បញ្ជាក់​ក្នុង​ប្រតិបត្តិ​ការណ៍​ធ្វើ​នំអន្សម​នេះ រួមមាន ក្រុម​ធ្វើ​ចំណង​ស្លឹកចេក ក្រុម​ជូត​ស្លឹកចេក ពូត​ខ្ទិះដូង ដាំ​សណ្តែកបាយ ចំអិន​សាច់ជ្រូក ដាំបាយ​ដំណើប និង​ចុងក្រោយ គឺ​ដល់​ក្រុម​វេច​នំអន្សម​នោះ។

បទពិសោធន៍​ពី​ឆ្នាំទៅ និង​ការរៀបចំ​បច្ចេកទេស​គ្រប់គ្រាន់​នៅ​ឆ្នាំនេះ ធ្វើ​ឲ្យ​លោក ឡុង បូរ៉ា ជឿជាក់ថា នំអន្សម​យក្ស មានគុណ​ភាពល្អ និង​អាច​ធានា​គុណភាព​បានយូរ​ជាង​ឆ្នាំទៅ​ផងដែរ។ លោក បូរ៉ា ពន្យល់ថា៖« ឆ្នាំមុន​យើង​បានដឹង​ពី​ចំណុចខ្សោយ​របស់​នំអន្សម។ ដោយឡែក​ឆ្នាំនេះ យើង​បាន​ត្រៀមលក្ខណៈ និង​បច្ចេកទេស​គ្រប់គ្រាន់ ក្នុងការ​វេច​នំអន្សម​យក្ស​នេះ។ យើង​បាន​ចែក​ក្រុម​ជំនាញមួយៗ ការធ្វើ​ពុម្ព​ចំអិន​មូល ហើយ​យើង​នឹង​ចំអិន​គ្រឿងផ្សំ ឲ្យ​ឆ្អិន​ក្នុងពេល​តែមួយ»។

នៅ​ឆ្នាំនេះ នំអន្សម​យក្ស ក៏បាន​ស្នើ​ចុះបញ្ជី​ក្នុង​កំណត់ត្រា​ពិភពលោក​ផងដែរ។ នៅ​ល្ងាច​ថ្ងៃទី១៣ ក្រុមការងារ​នៃ​កំណត់ត្រា​ពិភពលោក នឹង​ចុះមក​ត្រួតពិនិត្យ ទាំង​ស្តង់ដា​ចំអិន និង​ទំហំ ដែល​សមាគម​ចុងភៅ​បាន​សន្យា។ ចំពោះ​លទ្ធផល ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី១៣ នៅ​ទី​លានជល់ដំរី​តែម្តង។

នៅ​ឆ្នាំនេះ ចំការ​ណាយ​សម្រាប់​នំអន្សម​យក្ស​មាន​រហូតដល់​ទៅ​ជាង២ម៉ឺន​ដុល្លារ។ សាធារណជន​មួយចំនួន​រិះគន់ថា ការចំណាយ​ទាំងនេះ មាន​ភាព​ខ្ទះ​ខ្ទា​យ។ ចំណុច​នេះ លោក ឡុង បូរ៉ា ពន្យល់ថា៖« បើ​យើង​យកលុយ​ទាំងនេះ​ទៅ​ជួយ​កុមារ ឫ​មន្ទីរពេទ្យ​ណាមួយ វា​បាន​តែមួយ​ភ្លែត​ទេ តែ​សម្រាប់​ការធ្វើ​នំអន្សម​នេះ គឺជា​មុខមាត់​របស់​ប្រទេសជាតិ​យើង។ នំអន្សម​គឺជា​នំ​របស់​ខ្មែរ។ មាន​ទេសចរ​ច្រើនណាស់ ដែល​គាត់​នឹង​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត។ វា​គឺជា​មោទនភាព​របស់​ខ្មែរ​យើង ដែលមាន​នំអន្សម​យក្ស ដែល​ប្រទេសជិតខាង​មិនទាន់មាន​ដូច​យើង»។

គួរ​បញ្ជាក់ថា នំអន្សម​យក្ស មាន​ទម្ងន់​ជាង៣តោន ដែលមាន​មុខកាត់១ម៉ែត្រ និង​បណ្តា​យ៥ម៉ែត្រ។ ពិធី​ដង្ហែ​ទៅ​ទីតាំង​បង្ហាញមុខ​ទី​លានជល់ដំរី ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី១៣ មេសា។ នៅ​ព្រឹក​ថ្ងៃ១៤ ដែលជា​ថ្ងៃ​ចាប់ផ្តើម​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ពិធី​សម្ពោធ​កាត់​នំអន្សម​យ​ក្យ ក៏មាន​ការចូលរួម​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ៕