ការរាំចង្វាក់ម៉ាឌីហ្សនរបស់ក្រុមយុវជនកម្ពុជាបានបំបែកឯកទគ្គកម្មពិភពលោក

  • 01/01/2018
  • ប្រភព : APK

ខេត្តសៀមរាប ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥–  គណៈកម្មការរបស់សៀវភៅកំណត់ត្រាពិភពលោក (Guinness World Record) បាន បន្ថែមកំណត់ត្រាថ្មីមួយទៀតសម្រាប់កម្ពុជា បន្ទាប់ពីនំអន្សមយក្សដែលនោះគឺការរាំចង្វាក់ ម៉ាឌីហ្សនក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៥។

ក្រុមយុវជនកម្ពុជាចំនួន២.០១៥នាក់ បានបំបែកឯកទគ្គកម្មពិភពលោក ក្នុងការរាំដ៏ល្អបំផុតតែម្តងគត់ក្នុងលក្ខខណ្ឌបីដង នៃការរាំចង្វាក់ម៉ាឌីហ្សននេះ ដែលឯកទគ្គកម្មមុននេះបានទៅលើប្រទេសអូស្ត្រាលី ដែលមានអ្នករាំ១.១៥៥ នាក់ កាលពីឆ្នាំ២០១៤។

បន្ទាប់ពីការវាយតម្លៃ និងវិនិច្ឆ័យអស់រយៈពេលប្រមាណ២ម៉ោងពីគណៈកម្មការ Guinness World Record នៅវេលាម៉ោង ១ និង៥៣នាទីរសៀលថ្ងៃទី ១៥ខែមេសា ឆ្នាំ២០១៥ លោកស្រី Seyda Subasi-Gemici ចៅក្រមនៃកំណត់ត្រាពិភពលោកបានប្រកាសថា ការរាំ ចង្វាក់ម៉ាឌីហ្សននៅទីលានជល់ដំរីរបស់យុវជនកម្ពុជា បានជាប់កំណត់ត្រាពិភពលោកហើយ។

សហភាពសហព័ន្ធយុវជនកម្ពុជាបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដឹង​ថា ការរំាម៉ាឌីហ្សនជាក្រុមដែលមានអ្នកចូលរួម២.០១៥នាក់ មានរយៈពេល១០នាទី ចាប់​ពី ម៉ោង១១ និង៤៣នាទី ដល់ម៉ោង១១ និង៥៣នាទី ។ ការផ្តួចផ្តើមបង្កើតឱ្យមានការរាំចង្វាក់ ម៉ាឌីហ្សនជាក្រុមនេះ ក្នុងគោលបំណងបង្ហាញពីសាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរក្នុងន័យថា «ចង្កឹះមួយបាច់កាច់មិនបាក់» ហើយការរាំនេះក៏ចង់ផ្តល់វេទិកាមួយប្លែក និងមានភាពសប្បាយរីករាយដល់បណ្តាភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលរួមទស្សនាក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅលើទឹកដីខេត្តសៀមរាបអង្គរផងដែរ។

ការដាក់បញ្ចូលការរាំម៉ាឌីហ្សនទៅក្នុងសៀវភៅកំណត់ត្រាពិភពលោកនេះ គឺជាជោគជ័យទី២របស់កម្ពុជាទាំងមូល នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ ២០១៥ បន្ទាប់ពីនំអន្សមយក្ស ដែលត្រូវបានដាក់បញ្ចូលក្នុងកំណត់ត្រាពិភពលោកកាលពីរសៀលថ្ងៃទី១៣ខែមេសា។ ការរាំចង្វាក់ម៉ាឌីហ្សន គឺជាកម្មវិធីមួយដែលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប (យុទ្ធនាការសៀមរាបផ្ទះខ្ញុំ) បានរៀបចំឡើង ហើយក៏ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនទៀត នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ ២០១៥ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំឡើងដោយមានកិច្ចសហការពីសំណាក់ស្ថាប័នរដ្ឋ និងឯកជននានាផងដែរ៕

ដោយ ជ័យ ភូមិពល