ភ្នំពេញ ៖ យុទ្ធនាការថ្មីមួយដែលមានឈ្មោះថា “GoGoCambodia” ត្រូវបានប្រកាសផ្តើមអនុវត្តកាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ នៅក្នុងផ្សារទំនើប AEON Mall ដោយមានវត្តមានក្រុមយុវជន វ័យក្មេង សហគ្រិន ជោគជ័យ ជ័យលាភីជាតិ កីឡាករឆ្នើម តារាល្បីៗ និងអ្នកចូលរួមរាប់រយនាក់ផ្សេងទៀត។
យុទ្ធនាការ”GoGoCambodia” គឺជាយុទ្ធនាការថ្នាក់ជាតិមួយដែលផ្តួចផ្តើមឡើងដោយ ក្រុមសមាជិកយុវជន (យូ អេន អាយ) You & I នឹងដែលធ្វើឡើងក្នុងគោលបំណងលើកតម្កើង មោទនភាពជាតិខ្មែរ នៅគ្រប់វិស័យ ចាប់ពីវិស័យអប់រំ រហូតដល់វិស័យការពារជាតិ។ យុទ្ធនាការនេះកើតចេញពីឆន្ទៈកូនខ្មែរ ក្នុងគោលបំណងបង្កើតជាវេទិកាមួយ ដើម្បីឲ្យពួកគេគ្រប់រូប អាចបង្ហាញនូវមោទនភាពរបស់ខ្លួនក្នុងនាមជាកូនខ្មែរ ក៏ដូចជាមោទនភាពជាតិ ទៅដល់ពិភពលោក។
កើតចេញពីក្រុមយុវជនដែលបង្ហាញនូវភាពវិជ្ជមានរបស់កម្ពុជា ហើយជឿជាក់ទីលើអនាគតភ្លឺស្វាងរបស់ប្រទេសខ្លួន GoGoCambodia ទទួលបានការចូលរួមពីសំណាក់ក្រុមយុវជនជាច្រើនក្រុមផ្សេងទៀត រួមទាំងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ដែលក្នុងនោះរួមទាំងបុគ្គលសាធារណៈ កីឡាករជ័យលាភី អ្នកអប់រំ សហគ្រិនជោគជ័យ និងតារាល្បីៗជាច្រើន។ យុទ្ធនាការជាតិមួយនេះ ស្វាគមន៍រាល់ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលចង់រួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍន៍សង្គមរបស់ខ្លួន។
GoGoCambodia ប្រកាន់ភ្ជាប់នូវទស្សនវិស័យដែលថា ប្រសិនបើនរណាម្នាក់អាចសម្រេចកិច្ចការមួយដែលជាប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ និងបង្កើនមោទនភាពជាតិនោះ អ្នកដទៃទៀតក៏អាចនឹងធ្វើបានដែរ។ យុទ្ធនាការនេះ ជំរុញឲ្យកូនខ្មែរគ្រប់រូបជឿជាក់ថា ប្រទេសកម្ពុជាគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អនាគតរបស់ពួកគេ៕