កម្ពុជា​នឹង​បំបែក​កំណត់​ត្រា​ថ្មី​មួយ​ទៀត​ ជា​មួយ​នឹង​ក្រមា​ដែល​វែង​ជាង​គេ​បំផុត​លើ​ពិភព​លោក

  • 13/01/2018
  • ប្រភព : SOVRIN

គ្រាន់​តែ​បើក​ទំព័រ​សករាជ​ថ្មី​នៅ​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​បំបែក​ឯកត្តកម្ម​ថ្មី​មួយ​ទៀត​ គឺការ​ត្បាញ​ប្រមា​ដែល​វែង​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ​និង​មិន​ធ្លាប់​មាន​ឡើយ​ក្នុង​ប្រវត្តិសាស្រ្ត​មនុស្សជាតិ។ ក្រមា​ដែល​វែង​នេះ​មាន​ប្រវែង មួយ​ពាន់​ម៉ែត្រ​ (1,000 meter) ជាមួយ​នឹង​ទទឹង​មួយ​ម៉ែត្រ​ នឹង​បង្ហាញ​ខ្លួនក្នុង​ពេល​ខាង​មុខ​នេះ។ ថ្លែង​ក្នុង​សន្និសិទ​សារព័ត៍មាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ២០១៨ នេះ GoGoCambodia ដែល​ជា​អ្នក​រៀប​ចំ​កម្មវិធី​នេះ​ឡើង​បាន​បង្ហាញ​ថា​ ដើម្បី​បំបែក​កំណត់ត្រា​នេះ​បាន​ GoGo នឹង​បើក​ជូន​សាធារណៈ​ជន ប្រជាពលរដ្ឋ​ខ្មែរ គ្រប់​ស្រទាប់​វណ្ណៈ​ដោយ​មិន​ប្រកាន់​និន្នាការ​ ឲ្យ​ចូល​រួម​ត្បាញ​ក្រមា​នេះ​ទាំងអស់​គ្នា​និង​មាន​ការ​ជួយ​សម្រួល​ពី​ក្រុម​ការងារ ហើយ​សរសៃ​អំបោះ​ដំបូង​ នឹង​ចាប់ផ្តើម​បង្ហាញ​ខ្លួន​ឡើង​នៅ​វាល​ព្រះមេរុ ទល់​មុខ​សារមន្ទី​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈនេះ​ត​ទៅ

ជឿ​ថា​ខ្មែរ​ធ្វើ​បាន​ ហើយ​យុទ្ធនា​ការ​បំបែក​ឯកត្តកម្ម ក្រមា​ដែល​វែង​ជាង​គេ​បំផុត​លើ​ពិភពលោក​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង ដើម្បី​លើក​កម្ពស់​មោទនភាព​ជាតិ និង​កិត្យានុភាព​ជាតិ​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ តាម​រយៈ​ការ​បង្កើត​ស្នាដៃ​មួយ​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ ក៏​ដូចជា​បង្ក​បរិយាកាស​ចូល​រួម​ចំណែក​ពី​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​ក្នុង​ការ​ចូល​រួម​ថែរក្សា និង​លើក​ស្ទួយ​មរតក​ក្រមា​ខ្មែរ និង​ជម្រុញ​សាមគ្គីភាព​និង​ឯកភាព​ជាតិ​ក្រោម​ដំបូល​នៃ​ការ​រួបរួម​បង្កើត​ស្នាដៃ​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​ជាតិ។

នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា បន្ទាប់​ពី​ការ​បំបែក​កំណត់​ត្រា​ពិភពលោក​ ដោយ​ការ​រាំចង្វាក់​ម៉ាឌីហ្សុន​ ដែល​មាន​មនុស្ស​ចូល​រួម​រាំ​ប្រមាណ ១១៥០នាក់  កាល​ពី​ឆ្នាំ ២០១៥​កន្លង​មក។  ដូច្នេះ​សូម​ចូល​រួម​បំបែក​កំណត់​ត្រា​ពិភពលោក​និង​ត្បាញ​ក្រមា​ទាំង​អស់​គ្នា ដើម្បី​លើក​ស្ទួយ​មុខ​មាត់​កម្ពុជា​ក្នុង​ឆាក​អន្តរជាតិ​ និង​បង្ហាញ​ពី​សាមគ្គីភាព​ជា​មហា​គ្រួសារ​ខ្មែរ នៅ​វាល​ព្រះមេរុ ចាប់ពី​ថ្ងៃទី១៤ ខែ​កុម្ភៈ​នេះ​តទៅ៕